បុរសមាឌធំ ខ្ពស់ស្រលះ សម្បុរសណ្ដែកបាយ ទឹកមុខញញឹមរួសរាយរាក់ទាក់ កែវភ្នែកមុតស្រួច ប្រកបដោយការតាំងចិត្តខ្ពស់ និងជាមនុស្សមានគោលដៅច្បាស់លាស់ក្នុងជីវិត ដែលឈរនៅចំពោះមុខអ្នកទាំងអស់គ្នានេះ គឺជាស្ថានិកវ័យក្មេងមួយរូប ដែលទទួលបានការគោរពស្រលាញ់រាប់អាន ពីសមាជិកក្នុងក្រុមការងារ និងមនុស្សនៅជុំវិញខ្លួន ព្រមទាំងធ្លាប់ឆ្លងកាត់ឧបសគ្គ ច្រើនរាប់មិនអស់ ទម្រាំតែទទួលបានជោគជ័យនៅថ្ងៃនេះ។

ស្ថាបនិកវ័យក្មេង ដែលមានដើមកំណើតនៅលើទឹកដីអង្គរខេត្តសៀមរាបរូបនេះ មានឈ្មោះថា សុខ សុភមង្គល គឺជាកូនប្រុសពៅ ក្នុងចំណោមបងប្អូនប្រុសពីរនាក់។

ថ្វីត្បិតតែ ស្ថាបនិករូបនេះកើតក្នុងគ្រួសារដែលមានជីវភាពមធ្យមក៏ពិតមែន ក៏ប៉ុន្តែលោកមានក្ដីស្រមៃមួយដ៏អស្ចារ្យតាំងពីក្មេងៗគឺ ចង់បង្កើតការងារឱ្យមនុស្សធ្វើ ខុសពីផ្នត់គំនិតរបស់មនុស្សទូទៅភាគច្រើន ដែលពួកគេគ្រាន់តែគិតថា នៅពេលដែលពួកគេបញ្ចប់ការសិក្សា ពួកគេចង់បានការងារល្អមួយ ដែលអាចទទួលបានប្រាក់ខែសមរម្យ។ ដោយសារតែក្ដីស្រមៃបែបនោះហើយ ទើបជម្រុញឱ្យលោកខិតខំរៀនសូត្ររហូតក្លាយជា និសិត្សទទួលបានបរិញាបត្រ ផ្នែកវិទ្យាសាស្រ្តគ្រប់គ្រងព័ត៌មានពីសាកលវិទ្យាល័យ Hradec Králové នៃសាធារណរដ្ឋឆេក។ បន្ទាប់ពីទទួលបានបរិញាបត្រពីបរទេស លោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយប្រឡូកចូលក្នុងសង្គមការងារបានមួយរយះ ក្រោយមកគាត់មានគំនិតមួយឡើងគឺមិនចង់ធ្វើការឱ្យគេ និងជាពិសេសនោះ ដោយយល់ថាធ្វើការឱ្យគេគឺ មិនអាចប្រើប្រាស់ចំណេះវិជ្ជាដែលសិក្សាពីបរទេសរយះពេល៤ឆ្នាំ ចូលរួមជួយសង្គមបានច្រើន  ទើបលោកសម្រេចចិត្ត បោះបង់ចោលប្រាក់ខែរាប់ពាន់ដុល្លារ រួចក៏ចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឡើង មានឈ្មោះថាក្រុមហ៊ុន CODINGATE ។

ក្រុមហ៊ុន CODINGATE ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្ម ទាក់ទងនឹងផ្នែកបច្ចេកវិទ្យា ដូចជា រចនាបង្កើតវេបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មគ្រប់ខ្នាត តាមហាងលក់ទំនិញ សណ្ឋាគារ និងប្រព័ន្ធគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុនជាដើម។

CODINGATE ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៣ ដោយចំណាយដើមទុនត្រឹមតែ១២០ដុល្លារ ដែលមានសមាជិកចំនួន១៥នាក់ ហើយគិតមកទល់ឆ្នាំ២០១៦នេះ ក្រុមហ៊ុនដំណើរការបានរយះពេល៣ឆ្នាំ និងមានសមាជិកកើនឡើងជិត៣០នាក់ ហើយកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង លើទីផ្សារផ្នែកបច្ចេកវិទ្យាទាំងក្នុងនិងក្រៅស្រុក។ ភាពជោគជ័យទាំងនេះ គឺផ្ដើមចេញពី ការប្ដេជ្ញាចិត្តដ៏មោះមុត របស់ស្ថាបនិកក្រុមហ៊ុនវ័យក្មេងរូបនេះ ជាមួយនឹងក្រុមការងារទាំងអស់ក្នុងក្រុមហ៊ុន និងការបែងចែកការងារជាក្រុម សមស្របទៅតាមសមត្ថភាព របស់សមាជិកក្នុងក្រុមម្នាក់ៗ ដែលមានការសហការគ្នាដោយភាពស្និទ្ធស្នាល ប្រកបដោយការសាមគ្គី និងជួយគ្នាទៅវិញទៅមក ទើបធ្វើឱ្យ CODINGATE មានឈ្មោះបោះសំឡេងមកដល់សព្វថ្ងៃនេះ។

លោក សុភមង្គល ដែលថ្មីៗនេះទើបតែទទួលបានពានរង្វាន់ជាសហគ្រិនជោគជ័យវ័យកម្ពុជាប្រចាំឆ្នាំ២០១៦នេះ ឱ្យដឹង ពីគោលបំណងរបស់ក្រុមហ៊ុន ដែលលោកបានបង្កើតឡើងថា “ក្រុមហ៊ុន CODINGATE មិនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលផ្ដល់ការងារ ដល់អ្នកជំនាញផ្នែកពត៌មានវិទ្យានោះទេ ថែមទាំងជាក្រុមហ៊ុន ដែលផ្ដល់ឱកាសការងារចំទិសដៅ ដល់សិស្សនិសិ្សតដែលទើបតែបញ្ចប់ការសិក្សា រួមទាំងយុវជនដែលមានសមត្ថភាព និងទេពកោសល្យពិសេសៗ ដើម្បីឱ្យពួកគេមានឱកាស បានបញ្ចេញសមត្ថភាព ទៅតាមជំនាញផ្ទាល់ខ្លួនរបស់ពួកគេ។ ជាក់ស្ដែងនៅក្នុងក្រុមហ៊ុន មិនត្រឹមតែមានក្រុមការងារ ទាក់ទងនឹងផ្នែកបង្កើតវេបសាយ បង្កើតប្រព័ន្ធគ្រប់គ្រងក្នុងក្រុមហ៊ុន  ក្រុមការងារឌីហ្សាញ ថែមទាំងមានក្រុមការងារទាក់ទងនឹងផ្នែកនិពន្ធទៀតផង”។

លោក សុភមង្គល ដែលជាម្ចាស់ក្រុមហ៊ុន CODINGATE សង្ឃឹមថាក្រុមហ៊ុនរបស់លោក នឹងចូលរួមលើកស្ទួយឱ្យមានការប្រើប្រាស់ សេវាកម្មបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ពីព្រោះថាសព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យា គឺជាចំណែកមួយដ៏សំខាន់ ដែលចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើន ដូចប្រទេសអភិវឌ្ឍមួយចំនួននៅលើពិភពលោក។

លោកបានបន្ថែមទៀតថា “ដើម្បីផ្លាស់ប្ដូរពីឧបសគ្គ ឱ្យប្រែក្លាយមកជាឱកាស យើងត្រូវបើកចិត្ដឱ្យបានទូលាយ ហើយបោះជំហានទៅមុខជានិច្ច មិនត្រូវរង់ចាំឱកាសរត់មករកយើងឡើយ គឺយើងត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯង នោះភាពជោគជ័យប្រាកដជានឹងធ្លាក់មកក្នុងដៃរបស់យើង” ។ ជាចុងក្រោយ ស្ថាបនិករូបនេះ បានបង្ហើបបញ្ជាក់ទៀតថា “ក្រុមហ៊ុន CODINGATE របស់លោក គឺផ្ដល់ឱកាសការងារជានិច្ច សម្រាប់សិស្ស និសិ្សត និងយុវជន ដែលចង់ធ្វើការងារសមស្របតាមសមត្ថភាពនិងចំទិសដៅរបស់ខ្លួន”។ ដូច្នេះ! សូមអ្នកកុំខ្លាច ក្នុងការបង្ហាញនូវសមត្ថភាពដែលអ្នកមាន   ហើយកុំបោះបង់គោលដៅ និងក្ដីស្រមៃក្នុងឆាកជីវិត  ព្រោះ CODINGATE ស្វាគមន៍ជានិច្ចចំពោះអ្នកដែលមានសមត្ថភាពពិតប្រាកដ ហើយយើងធានាបង្កើតការងារជូនអ្នកឲ្យសមស្របនឹងសមត្ថភាពដែលអ្នកមាន ដែលនេះជាក្ដីស្រមៃរបស់ស្ថាបនិកក្រុមហ៊ុន  CODINGATE តាំងពីដំបូង៕

Share us on: Facebook